Thursday, March 1, 2012

ព្រៃ​ឈើ​ នៅ​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ​​៦២ នៃ​ខេត្ត​ព្រះវិហារ រង​​ការ​បំផ្លិច​បំផ្លាញ


ថ្ងៃទី​ 01 ខែឧសភា ឆ្នាំ2011, ម៉ោង 06:07 AM អាន ប៊ុនរត្ននៈ

          នៅអ​ម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៦២ ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់​ធំ ទៅ​ខេត្ត​ព្រះវិហារ ដែល​ពី​មុន​គ្រប​ដណ្តប់​​ទៅ​ដោយ​ព្រៃ​ឈើ​ធំៗ និង​មាន​សត្វ​ព្រៃ រត់​ឆ្លង​កាត់​ផ្លូវ​ប្រសេច​ប្រសាច នា​ពេល​នេះ បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ពួក​ឈ្មួញ និង​ប្រជាជន​ក្រីក្រ​យ៉ាង​ធ្ងន់ធ្ងរ។
ការបំផ្លិចបំផ្លាញនេះ កើតឡើងដោយសារប្រជាជន និងក្រុមឈ្មួញ នាំគ្នា​កាប់រានព្រៃ ធ្វើចម្ការ ដោយខុស​ច្បាប់ ខណៈដែលក្រុមមន្ត្រីបរិស្ថាន  ប្រចាំ​នៅឃុំរម្យណីយ ស្រុករវៀង ខេត្ពព្រះវិហារ ហាក់ពុំអើពើអ្វីទេ ប៉ុន្តែបែរជា​នាំគ្នាទៅឈរយកលុយពីឈ្មួញ​និងប្រជាជន ដែលកាប់ឈើ​ខុសច្បាប់ ដើម្បី​យកប្រាក់ដាក់ហោប៉ៅខ្លួនទៅវិញ។
លោកគង់ ស្រស់ អ្នកភូមិជីអោក ឃុំស្រុកខាងលើ ជាជនជាតិកួយ  បានឲ្យ​ដឹងថាតាំងពីដូនតាមក គ្រួសារ​លោក ប្រកបរបរចិញ្ចឹមជិវិត ដោយកាប់វល្លិ៍ រកជ័រឈើលក់ និងធ្វើចម្ការវិលជុំ។ លោកក៏ដឹងដែរថា ការកាប់​បំផ្លាញ​ព្រៃឈើ ជារឿងខុសច្បាប់ដែរ ប៉ុន្តែ​លោកសង្កេតឃើញថា ឲ្យតែបង់​ឲ្យ​លោក​គង់ សម្បត្តិ នាយរងបរិស្ថានទៅ គឺមិនអីទេ តែបង់មិនបង់ជូនទេ នឹងត្រូវចាប់មិនខាន។
       ទាក់ទិននឹងការចោទប្រកាន់របស់ប្រជាជន ក៏ដូចជាឈ្មួញទិញឈើ ខាងលើនេះ នៅមិនទាន់មាន​ការបក​ស្រាយ​ពីនាយរងបិស្ថានរូបនេះ នៅ​ឡើយទេ ប៉ុន្តែប្រសិនបើនេះ ជាការពិត ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ បើមិនដូច្នោះទេ តំបន់ដែលមាន​ធម្មជាតិ​ពណ៌បៃតងនេះ នឹងរងការ​បំផ្លាញ​កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons